​លោក​ ហ៊ុន​ សែន​ និង​មន្រ្តី​របប​នេះ​ ប្រឈម​ជាប់ចោទ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ បើ​បង្ក្រាប​ជនស៊ីវិល​ អមដំណើរ​មន្រ្តី​ប្រឆាំង​


មានវីដេអូ

មេធាវី​អន្តរជាតិ​ ថា​លោក​ ហ៊ុន​ សែន​ និង​ មន្រ្តី​របប​នេះ​ នឹង​ជាប់ចោទ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ដែល​អាច​ផ្តន្ទា​ទោស​បាន​ នៅ​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC​) បើ​ហ៊ាន​បង្ក្រាប​ជនស៊ីវិល​ ដែល​អមដំណើរ​មន្រ្តី​ប្រឆាំង​ ធ្វើដំណើរ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​ ដោយ​អហិង្សា​។

សូម​លោកអ្នក​នាង​ ស្តាប់​បទសម្ភាសន៍​របស់​លោក​ មួង​ ណា​រ៉េ​ត ជាមួយ​លោក​ រី​ឆាត​ រ៉​យជើស៍​ (Richard​ Rogers​) ដែល​ជា​មេធាវី​អន្តរជាតិ​ និង​ ជា​ជនជាតិ​អង់គ្លេស​ ជុំវិញ​រឿង​នេះ​ដូច្នេះ​តទៅ​៖

មួង​ ណា​រ៉េ​ត៖ អាជ្ញាធរ​របប​លោក​ ហ៊ុន​ សែន​ កំពុង​បង្ហាញ​សាច់ដុំ​ ដោយ​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ ទៅ​តំបន់​ព្រំដែន​ ដើម្បី​បង្ក្រាប​ក្រុម​អ្នក​អមដំណើរ​មន្រ្តី​បក្ស​ប្រឆាំង​ វិល​ចូល​ស្រុកខ្មែរ​វិញ​។ ទាំង​លោក​ ហ៊ុន​ សែន​ និង​ មន្រ្តី​យោធា​សុទ្ធតែ​ គម្រាម​កម្ទេច​ ឬ សម្លាប់​ជនស៊ីវិល​ទាំងនោះ​។ តើ​ការ​សម្លាប់​ជនស៊ីវិល​ ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​ និង​ តវ៉ា​ដោយសន្តិវិធី​ ជា​ការប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ជាតិ​ និង​ អន្តរជាតិ​ដែរ​ឬទេ​?

ឆាត​ រ៉​យជើស៍​៖ ​ពិត​ណាស់​! ការ​បង្ក្រាប​បែបនេះ​ មិន​ត្រឹមតែ​ខុសច្បាប់​ជាតិ​ និង​អន្តរជាតិ​ប៉ុណ្ណោះទេ​ វា​ជា​ចំណាត់ការ​មិន​សម​ទំនង​ទាល់តែសោះ​ ព្រោះ​មន្រ្តី​បក្ស​ប្រឆាំង​ ដែល​ប្រកាស​វិល​ចូល​ស្រុក​វិញ​នោះ​ សុទ្ធតែ​ជា​តំណាង​រាស្រ្ត​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ជនស៊ីវិល​ និង​គ្មាន​អាវុធ​ក្នុង​ដៃ​។ ម្យ៉ាងទៀត​ ពួកគាត់​បាន​ប្រកាស​ហើយ​ថា​ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​ គឺ​ដើម្បី​បុព្វហេតុ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ជាង​នេះ​ទៅទៀត​ ពួកគាត់​មិនដែល​ប្រកាស​ថា​ នឹង​ធ្វើដំណើរ​ទៅ​កម្ពុជា​ ដោយ​ស្ពាយ​ ឬកាន់​កាំភ្លើង​នោះ​ឡើយ​។ ទង្វើ​របស់​ពួកគាត់​ មិនមែន​ជា​អំពើឈ្លានពាន​របស់​ទ័ព​បរទេស​ ដែល​លុកលុយ​ចូល​ដីខ្មែរ​នោះ​ដែរ​។

មួង​ ណា​រ៉េ​ត៖ ​ចុះបើ​ចំណាត់ការ​របស់​របប​លោក​ ហ៊ុន​ សែន​ ខុសច្បាប់​ ហេតុអ្វីបានជា​របប​នេះ​ នៅតែ​បង្ហាញ​ចេតនា​ឧក្រិដ្ឋ​នេះ​?

រីឆាត​ រ៉​យជើស៍​៖ ​អ្វី​ដែល​របប​សព្វថ្ងៃ​កំពុង​ធ្វើ​នេះ​ គឺ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ អំពី​ការភ័យខ្លាច​របស់​លោក​ ហ៊ុន​ សែន​ និង​ ភាព​ខ្វះ​ភាព​ទុកចិត្ត​លើ​ប្រជាប្រិយ​ភាព​ខ្លួនឯង​។ បើ​លោក​ ហ៊ុន​ សែន​ ទុកចិត្ត​ថា​របប​នេះ​ មាន​ប្រជាប្រិយ​ភាព​ និង​មានការ​គាំទ្រ​ពី​ពលរដ្ឋខ្មែរ​ទូទៅ​ ម៉្លេះ​សម​ពួកគាត់​ មិន​ត្រូវ​រារាំង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​វិលត្រឡប់​ទៅ​ស្រុកខ្មែរ​វិញ​នោះ​ទេ​។ ហើយ​បើ​ទុកចិត្ត​លើ​ប្រជាប្រិយ​ភាព​ខ្លួនឯង​ ម៉្លេះ​សម​គណបក្ស​កាន់អំណាច​ អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយសេរី​ ត្រឹមត្រូវ​ និង​ យុត្តិធម៌​ ដែល​ប្រកួតប្រជែង​ ដែល​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ តែ​នេះ​ បង្ហាញថា​ គណបក្ស​កាន់អំណាច​ កំពុងតែ​អស់សង្ឃឹម​ ក្នុង​ការ​បន្ត​ក្រាញ​អំណាច​ ទើប​ធ្វើអ្វី​គ្រប់យ៉ាង​ ដើម្បី​រារាំង​មន្រ្តី​បក្ស​ប្រឆាំង​ មិន​ឲ្យ​ចូល​ស្រុក​វិញ​បាន​។

មួង​ ណា​រ៉េ​ត៖ តើមាន​ករណី​ពិសេស​ណាមួយ​ទេ​ ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ អាច​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់​បាន​?

រីឆាត​ រ៉​យជើស៍​៖ អាច​មាន​ដែរ​! ប៉ុន្តែ​ ទាល់តែ​កាលៈទេសៈ​នោះ​ វា​ជា​កាលៈទេសៈ​ផុយ​ស្រួយ​បំផុត​ប៉ុណ្ណោះ​ ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ អាច​បង្ក្រាប​ជនស៊ីវិល​ ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​បាន​។ ទោះជា​ក្នុង​កាលៈ​ទេស​ផុយ​ស្រួយ​បំផុត​នេះ​ក៏ដោយ​ ក៏​ការប្រើ​កម្លាំងប្រដាប់អាវុធ​បែបនេះ​ គឺជា​រឿង​កម្រ​បំផុត​ ហើយ​អាច​ធ្វើ​ទៅ​បាន​ ទាល់តែ​ច្បាប់​អនុញ្ញាត​ និង​ ត្រូវតែ​ថ្លឹងថ្លែង​ ឲ្យ​សមស្រប​បំផុត​រវាង​ការប្រើ​កម្លាំង​ និង​ ហា​នី​ភ័យ​ដែល​អាច​កើតមាន​។ ប៉ុន្តែ​ ករណី​បែបនេះ​ គឺជា​ករណី​កម្រ​ខ្លាំង​ណាស់​ ដែល​ខ្ញុំ​មិនដែល​ធ្លាប់​ឮផង​។ រឹតតែ​មិនដែល​ទៀត​នោះ​ គឺ​មិនដែល​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ឯណា​ ទៅ​បង្ក្រាប​ជនស៊ីវិល​ ដែល​ជា​តំណាង​រាស្រ្ត​ជាប់ឆ្នោត​ គ្មាន​អាវុធ​ ហើយដែល​គ្រាន់តែ​មានបំណង​វិលត្រឡប់​ទៅ​មាតុភូមិ​កំណើត​របស់​ខ្លួន​នោះ​។ ខ្ញុំ​ពិតជា​មិនដែល​ឮ ថា​ប្រទេស​ណា​ គេ​ប្រើ​វិធានការ​ចម្លែក​ខុសគេ​ដូច្នេះ​នោះ​ទេ​។

មួង​ ណា​រ៉េ​ត៖ចុះ​មាន​ករណី​ខ្លះ​ មេដឹកនាំ​ផ្តាច់​ការ​ បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ បាញ់សម្លាប់​បាតុករ​ ដែល​ជា​ជនស៊ីវិល​ដែរ​។ តើ​រឿង​នោះ​ យ៉ាងម៉េច​ទៅវិញ​?

ឆាត​ រ៉​យជើស៍​៖ ​ករណី​បាញ់សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ ពី​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​នេះ​ គឺ​មានតែ​ប្រទេស​កុម្មុ​នី​ស្ត​ផ្តាច់​ការ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ មិន​ទទួលជោគជ័យ​ទេ​។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ ដូច​ករណី​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត​ ដែល​ជា​ប្រទេស​កុម្មុ​នី​ស្ត​ គឺ​ក្រោយ​ឆ្នាំ​ ១៩៨៩​ ក្រោយ​ការ​ដួល​រំលំ​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង​ មាន​ប្រទេស​ខ្លះ​ក្រោម​ការ​បញ្ជា​របស់​មេដឹកនាំ​ប្រទេស​រ៉ូម៉ានី​ នៅពេល​នោះ​ បញ្ជា​ឲ្យ​កងទ័ព​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ​ជា​ជនស៊ីវិល​ ដោយ​បាញ់​គ្រាប់​ពិត​។ ប៉ុន្តែ​ ការ​បញ្ជា​នោះ​ ជា​កាំបិត​ចិត​ដង​ឯង​ ដោយ​កងទ័ព​មិន​ធ្វើតាម​ ព្រោះ​ពួកគេ​មិន​អាច​លើកដៃ​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួនឯង​បាន​។

មួង​ ណា​រ៉េ​ត៖  ចុះ​ករណី​នៃ​ដំណើរ​មាតុភូមិ​និ​វិត្ត​ន៍​របស់​លោក​ សម​ រង្ស៊ី​ និង​ មន្រ្តី​បក្ស​ប្រឆាំង​វិញ​ តើ​ការប្រើ​កម្លាំង​ពីសំណាក់​របប​ក្រុងភ្នំពេញ​ ដើម្បី​បង្ក្រាប​ និង​ទប់ទល់​នឹង​កម្លាំង​ពលរដ្ឋ​ដែល​អមដំណើរ​ពួកគាត់​ តើ​ជា​រឿង​សមស្រប​ ទៅតាម​គោលការណ៍​ នៃ​សមាមាត្រ​នៃ​កម្លាំងទ័ព​ និង​ហា​នី​ភ័យ​ដែល​អាច​កើតមាន​ដែរ​ឬទេ​?

រីឆាត​ រ៉​យជើស៍​៖ ពិត​ណាស់​! ចំណាត់ការ​នេះ​ គឺ​មិន​សមស្រប​ទាល់តែសោះ​។ មិន​ត្រឹមតែ​មិន​សមស្រប​ទេ​ គឺ​ការប្រើ​កម្លាំង​នេះ​ វា​ជ្រុល​ហួសហេតុ​ទៅទៀត​។ ការប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​បែបនេះ​ ជា​រឿង​ខុសច្បាប់​។ ការ​សម្លាប់​ជន​ស្លូតត្រង់​ និង​ជនស៊ីវិល​ ដែល​ធ្វើដំណើរ​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​ គឺ​ក៏​ខុសច្បាប់​ដែរ​ និង​ ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ថែមទៀត​ផង​។ រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ត្រូវ​ចាំ​ថា​ សារ​គម្រាម​កំហែង​កម្ទេច​ ឬសម្លាប់​ជនស៊ីវិល​ស្លូតត្រង់​នេះ​ គឺជា​អង្គហេតុ​នៃ​ធាតុផ្សំ​បទល្មើស​ ដែល​ជា​ភ័ស្តុតាង​ទៅ​ថ្ងៃក្រោយ​នៃ​ចេតនា​ឧក្រិដ្ឋ​ ដើម្បី​ផ្តន្ទា​ទោស​លោក​ ហ៊ុន​ សែន​ និង​ មន្រ្តី​របប​នេះ​ កាលណា​ជនស៊ីវិល​ណា​ម្នាក់​ ត្រូវ​គេ​សម្លាប់​ដោយសារ​ ការប្រើ​កម្លាំងប្រដាប់អាវុធ​ជ្រុល​ហួសហេតុ​ លើ​ជនស៊ីវិល​គ្មាន​អាវុធ​ក្នុង​ដៃ​នេះ​។

មួង​ ណា​រ៉េ​ត៖ តើ​បទឧក្រិដ្ឋ​នោះ​ ក្នុង​ការប្រើ​កម្លាំងប្រដាប់អាវុធ​ជ្រុល​ហួសហេតុ​ លើ​ជនស៊ីវិល​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នេះ​ ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​កម្រិត​ណា​?

រីឆាត​ រ៉​យជើស៍​៖ ភាព​ធ្ងន់ធ្ងរ​នៃ​ឧក្រិដ្ឋ​កម្ម​នេះ​ គឺ​មាន​ចែង​ទាំង​ក្នុង​ច្បាប់​ជាតិ​របស់​កម្ពុជា​ និង​ច្បាប់អន្តរជាតិ​។ យើង​ដឹង​ហើយ​ថា​ អ្នក​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ គឺ​សុទ្ធតែ​ត្រួតត្រា​ប្រព័ន្ធ​តុលាការ​ដែរ​ ដូច្នេះ​យើង​មិន​សង្ឃឹមថា​ ជនរងគ្រោះ​អាច​ទទួល​បាន​យុត្តិធម៌​ តាម​ប្រព័ន្ធ​តុលាការជាតិ​ទេ​។ ក្នុង​ន័យ​នេះ​ គឺ​មានតែ​ច្បាប់អន្តរជាតិ​ប៉ុណ្ណោះ​ ដែល​មានប្រសិទ្ធភាព​ ក្នុង​ការ​ផ្តន្ទា​ទោស​អ្នក​ប្រព្រឹត្ត​ទាំងនោះ​។ បើ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​របប​លោក​ ហ៊ុន​ សែន​ ហ៊ាន​បាញ់​បង្ក្រាប​ជនស៊ីវិល​ ដែល​អមដំណើរ​មន្រ្តី​គណបក្ស​ប្រឆាំង​មែន​ បទឧក្រិដ្ឋ​នេះ​ នឹង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​នៃ​ធាតុផ្សំ​នៃ​បទល្មើស​រួម​ នៃ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។ ពេលនោះ​ យើង​នឹង​ដា​ក់​បណ្តឹង​បន្ថែម​មួយទៀត​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC​) ដើម្បី​ផ្តន្ទា​ទោស​មន្រ្តី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នោះ​។ មិន​តែប៉ុណ្ណោះ​ ករណីនេះ​ នឹង​រឹតតែ​បន្ថែម​ភ័ស្តុតាង​ដាក់បន្ទុក​ សម្រាប់​ជួយ​ដល់​សំណុំរឿង​ ដែល​យើង​បាន​ដាក់​ប្តឹង​មន្រ្តី​របប​នេះ​ខ្លះ​រួច​ទៅ​ហើយ​។

Post a Comment

0 Comments