Opposition parties and monitors condemn the National Assembly





អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា ថ្កោល​ទោស​រដ្ឋសភា​របប​ក្រុង​ភ្នំពេញ ដែល​សម្រេច​​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀត​ណាម។ រដ្ឋសភា​ថា ​មតិ​រិះគន់​ទាំង​ឡាយ​អំពី​រឿង​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ មិន​អាច​យក​ជា​ការ​បាន​ឡើយ ព្រោះ​ជា​ការ​កេង​ចំណេញ​នយោបាយ។



អ្នក​តាម​ដាន​បញ្ហា​ព្រំដែន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​រដ្ឋសភា​របបក្រុង​ភ្នំពេញ ដែល​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ ដែល​ពួក​គេ​អះអាង​ថា បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​ខ្មែរ។



តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ​ ថ្លែងថា ការ​អនុម័ត​យល់​ព្រម​​​របស់​សភា​ឯកបក្ស​នៅ​ពេល​នេះ មានន័យ​ស្មើ​នឹង​​កាត់​ទឹកដី​ខ្មែរ​ទៅ​ឱ្យ​វៀតណាម​តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ត្រូវ​វៀតណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​តាំងពី​ដើម​ទស្សវត្សរ៍​ទី៨០ មក​នោះ។ លោក​អះអាង​ថា សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ដូច្នេះ​សន្ធិសញ្ញានេះ និង​​សន្ធិសញ្ញាបំពេញ​បន្ថែម​ផ្សេង​ទៀត ដែល​របបលោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ជាមួយ​ភាគី​វៀត​ណាម​រហូត​មក​ដល់​ពេល​នេះ សុទ្ធសឹង​តែ​ជា​សន្ធិសញ្ញាខុស​​ច្បាប់ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ការ​អនុម័ត​នៅ​ថ្ងៃនេះ​ត្រូវ​ទុក​ជា​មោឃៈ មិន​អាច​យក​ជា​ការ​បាន​ទេ ដោយសារ​រដ្ឋ​សភា​ហ្នឹង​ជា​រដ្ឋ​សភា​ដែល​ខុស​ច្បាប់ រដ្ឋាភិបាល​ក៏​ខុស​ច្បាប់​ដែរ។ ដូច្នេះ​នៅ​ពេល​ដែល​​មានរដ្ឋ​សភា ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​ យើង​ត្រូវ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែមទៅលើ​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ ដែល​រដ្ឋសភា​បាន​អនុម័ត​ថ្ងៃនេះ​ ហើយ​យើង​នឹង​សើរើ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​​យួន​ផង​ដែរ»។



ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជាប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ថ្កោល​ទោស​រដ្ឋសភា​របបក្រុង​ភ្នំពេញ ​​ដែល​បាន​ផ្តល់​សច្ចាប័នលើ​​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ ព្រោះ​លោក​ពិនិត្យ​ឃើញថា ការ​បោះបង្គោល​ព្រំដែនកម្ពុជា​-វៀតណាម បាន​​៨៤% នោះ ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹក​ដី​ និង​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ លោក​បន្ត​​ថា ទង្វើ​របស់​ក្រុម​មេ​ដឹក​នាំ​​របបក្រុង​ភ្នំពេញ​រឿង​ព្រំដែន​ជាមួយ​​វៀត​ណាមនេះ នឹង​ត្រូវ​កូន​ចៅខ្មែរ​ជំនាន់​ក្រោយ​ជេរស្តី ព្រោះ​នេះ​​​ជា​ការ​កាត់​ទឹកដី​ឱ្យ​​បរទេស​ ដែល​ជា​ទង្វើ​ក្បត់​ជាតិខ្លួន​ឯង។ ទោះជាយ៉ាងណា លោក​​មាន​សុទិដ្ឋិនិយម​ថា សន្ធិសញ្ញា​មិន​ស្រប​ច្បាប់​ទាំងឡាយរវាង​របបលោក ហ៊ុន សែន ជាមួយ​​ភាគី​វៀតណាម នឹង​ត្រូវ​លុប​​ចោល​ នៅពេល​កម្ពុជា​មាន​រដ្ឋាភិបាល​​ស្រ​បច្បាប់​មួយ​​ដែល​គិត​ពី​​ប្រយោជន៍​​ជាតិ​​ជាធំ៖ «យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​អាច​ទទួល​ស្គាល់ មិន​អាច​យល់​ស្រប​ចំពោះ​ការ​យល់​ព្រម​ណា​មួយ​ទៅ​លើ​លទ្ធផល​នៃ​​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង ហើយ​និង​អ្វី​ដែល​រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ថ្ងៃនេះ។ យើង​សូម​ធ្វើ​ការ​ថ្កោល​ទោស​ដាច់​អហង្ការ​។ យើង​យល់​ថា របប​ឯកបក្ស​ហ្នឹង​គាត់​ធ្វើ​យ៉ាង​ណា ​ដើម្បីយក​ចិត្ត​យក​ថ្លើម​តែ​វៀតណាម ដោយ​មិន​ខ្វល់​មិន​ខ្វាយ​ពី​ការ​បាត់​បង់​បូរណភាព​ទឹក​ដី»។



រដ្ឋសភា​របបក្រុង​ភ្នំពេញ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពីការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែមឆ្នាំ២០១៩ ដោយ​សំឡេង​គាំទ្រ​​ទាំង​ស្រុង​នៃ​សមាជិកសភា ​១១០ រូប​ដែលចូល​រួម​​ក្នុង​សម័យ​ប្រជុំសភាពេញ​អង្គ នៅ​ថ្ងៃទី០៤ វិច្ឆិកា​។ សេចក្តីព្រាង​ច្បាប់​នេះ ត្រូវ​បាន​គណៈរដ្ឋ​មន្ត្រី​អនុម័ត​យល់​ព្រម​កាល​ពី​ថ្ងៃទី១១ តុលា និង​បញ្ជូនបន្ត​​មក​ឱ្យ​រដ្ឋសភា​អនុម័ត​ រយៈពេល​មួយ​សប្តាហ៍​បន្ទាប់​ពីលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩​ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។



អ្នក​នាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា ក្រោយ​រដ្ឋ​សភា​អនុម័ត​រួច​ហើយ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ មុន​នឹង​បញ្ជូន​បន្ត​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឡាយ​​ព្រះហស្តលេខា​ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ចូល​ជា​ធរមាន។ លោក​អះអាង​ថា សេចក្តី​ព្រាង​ច្បាប់នេះ កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​កំណត់​ព្រំដែន​ជាមួយ​​ប្រទេស​វៀតណាម​តាម​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ។ លោក​ថ្លែង​ទៀត​ថា អ្នក​ដែល​រិះគន់​រឿង​សន្ធិសញ្ញា​បំពេញ​​បន្ថែម​​ឆ្នាំ២០១៩ នេះ គឺ​ជា​អ្នក​ដែល​មាន​បំណង​បន្ទុច​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍ​ជាតិ៖ «ចំពោះ​អ្នក​ដែល​ប្រឆាំង​នឹង​សន្ធិ​សញ្ញា​នេះ គឺ​ថា​គាត់​មិន​បាន​គិត​អ្វី​ឱ្យ​បាន​ជ្រាល​ជ្រៅ​ទេ ប្រហែល​ជា​គាត់​ចង់​ចំណេញ​ខាង​នយោបាយ។ កន្លងមក ក្នុង​ពេល​ដែល​យើង​ធ្វើ​ ក៏​យើង​មិន​មែន​ធ្វើ​ឆាប់​ដែរ យើង​ធ្វើ​ជាង​១០ ឆ្នាំ​ ក៏​មាន​ការ​លំបាក​ដែរ ដោយសារ​ការ​ទៅ​រំខាន​របស់​ពួក​អ្នក​ដែល​ចង់​​រំខានហ្នឹង។ ដូច្នេះហើយ​មតិ​ដែល​ប្រឆាំង​នឹង​សន្ធិសញ្ញា​នេះ គឺ​មិនអាច​យក​ជា​ការ​បានទេ ហើយ​តាម​ខ្ញុំ​យល់ គឺ​មិន​មាន​ស្មារតីជួយ​ប្រទេស​កម្ពុជា​ឱ្យ​បាន​សុខ​សាន្ត​ ឬបាន​ចម្រើន​ទៅ​មុខទេ គឺ​ថា​ជា​ការ​យក​ជើង​រា​ទឹក​ទៅវិញ»។



របបលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ គឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​ទទួល​ស្គាល់​ការ​បោះបង្គោល​ព្រំដែន ៨៤% ​ជា​មួយ​ប្រទេស​វៀតណាម។ បន្ថែម​ពីលើ​នេះ របប​ក្រុង​ភ្នំពេញ​អះអាង​ទៀត​ថា សន្ធិសញ្ញា​នេះ គឺជា​ឯកសារ​គ្រឹះ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ដែល​មាន​ខ្សែ​ព្រំដែន​មិន​ប្រែប្រួល  ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍលើ​គ្រប់​វិស័យ ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា​។ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ គឺ​ជាការ​រួម​បញ្ចូល​គ្នា​នៃ​​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥។



គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (GDP) ​បាន​ចេញសេចក្តីថ្លែងការណ៍ សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង​ដែល​សន្ធិសញ្ញា​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត ក្នុង​ពេល​​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ។



អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែងថា ក្នុង​ពេល​ដែល​សភាជាតិ​គ្រប់​គ្រង​ដោយ​គណបក្ស​តែមួយ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ជម្លោះ​នយោបាយ​បែបនេះ ស្ថាប័ន​នីតិបញ្ញតិមួយ​នេះ​ ពុំ​គួរ​ផ្តល់​សច្ចាប័ន​​លើ​សន្ធិសញ្ញព្រំដែនជាមួយ​ប្រទេស​វៀត​ណាមឡើយ ព្រោះ​អាច​ធ្វើ​ឱ្យ​​ខាត​បង់​ផល​ប្រយោជន៍​​ជាតិ។ លោក​​ស្នើ​​ឱ្យរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ក្នុង​ការពន្យារពេល ឬធ្វើ​ប្រជាមតិ មុន​នឹង​​អនុម័ត​សន្ធិសញ្ញាព្រំដែន​​នេះ៖ «យើង​នៅ​តែ​បង្ហាញ​ក្តី​បារម្ភ​ដដែល​ថា ការ​ដែល​យើង​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ គឺ​វា​អាច​នាំ​ទៅ​ដល់​ការ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​មួយ​ចំនួន។ ទីមួយ គឺ​ដោយសារ​សា្ថនភាព​នយោបាយ​យើងហាក់​​មិន​ទាន់ស្រុះ​ស្រួល​ ហើយ​ទីពីរ​កិច្ច​ការ​មួយ​ចំនួនដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ហ្នឹង ហាក់​ដូច​ជា​មាន​ការ​លាក់​លៀម​ច្រើន»។



ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ ពលរដ្ឋ​មួយ​​ចំនួន​ ក៏​បាន​បញ្ចេញ​មតិ​ថ្កោល​ទោស​រដ្ឋសភា ​ចំពោះ​ការ​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ​ដែរ។ មតិ​រិះគន់​ទាំងនោះ​លេច​ឡើង​ព្រោង​ព្រាត​លើ​​បណ្តាញ​​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ពួក​គេ​សរសេរ​ថា របប​លោក ហ៊ុន សែន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹងការ​បាត់​បង់​ទឹក​ដីទៅ​ប្រទេស​វៀតណាម ហើយ​អ្នក​ខ្លះ​ទៀត​ចង់​ឱ្យ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​សម្រេច​រឿង​សន្ធិ​សញ្ញា​ព្រំដែន​ជាមួយ​វៀតណាម​ នៅពេល​កម្ពុជា​មាន​ឯកភាព​ជាតិ​ពិត​ប្រាកដ។



របបក្រុង​ភ្នំពេញ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ជា​មួយ​ភាគី​វៀត​ណាម​នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០០៥។ ឈរ​លើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ កម្ពុជា​ និង​វៀតណាម​បាន​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ ពី​ខេត្ត​រតនគិរី ដល់​ខេត្ត​កំពត ចាប់​ពី​ខែមិថុនា ឆ្នាំ២០០៦ ដល់​ខែ​កក្កដា​ ឆ្នាំ២០១៩ ដោយ​សម្រេច​បាន​លទ្ធផល​៨៤% ឬ​ស្មើ​នឹង​ ៣១៥បង្គោល​ នៃ​ព្រំដែន​សរុប​ ៣៧៥បង្គោល។ ទោះ​ជា​យ៉ាង​ណា គណប​​ក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយ​ចំនួន​អះអាងថា ការ​បោះ​បង្គោល​ព្រំដែន​នេះ ធ្វើ​ឱ្យកម្ពុជា​​បាត់​បង់​ទឹកដី​នៅ​តាមព្រំដែន​​​ទៅ​ប្រទេស​វៀតណាម។



អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ​បញ្ជាក់​ថា ប្រសិន​បើ​ទៅ​ថ្ងៃ​មុខ គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល​វិញ នោះ​​ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​សើរើ​មើល​ឡើង​វិញ​ នូវ​សន្ធិសញ្ញា​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ បាន​ចុះ​ហត្ថលេខា​ជាមួយ​​ភាគី​វៀតណាម៕

Post a Comment

0 Comments